អន្តរជាតិ៖យន្តហោះប្រយុទ្ធទំនើបរបស់បារាំងម៉ាកRafaleចំនួន៥គ្រឿងដំបូង ដែលឥណ្ឌាទិញក្នុងតម្លៃរាប់ពាន់លានដុល្លារត្រូវបានបារាំងបញ្ជូនទៅឱ្យឥណ្ឌាកាលពីថ្ងៃចន្ទទី២៧កក្កដាឆ្នាំ២០២០សម្រាប់ការប្រើប្រាស់ជាបន្ទាន់ចំពេលមានភាពតានតឹងព្រំដែនជាមួយចិន។ កិច្ចព្រមព្រៀងដែលមានតំលៃ៩,៤ពាន់លានដុល្លារ ត្រូវបានញាំញីដោយការចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ។តែនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី បានច្រានចោលការចោទប្រកាន់នេះ។ យន្តហោះដែលផលិតឡើងដោយក្រុមហ៊ុនDassault Aviationត្រូវបើកដោយអាកាសយានិកមកពីកងកម្លាំងអាកាសឥណ្ឌា ។ពួកវាបានចេញដំណើរពីក្រុងមេរីញ៉ាច់នៅបារាំងខាងត្បូងហើយត្រឹមថ្ងៃពុធទី២៩កក្កដា ពួកវាអាចនឹងទៅដល់មូលដ្ឋានទ័ពអាកាស Ambala នៅឥណ្ឌាខាងជើង ចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីព្រំដែនចិនឬប៉ាគីស្ថាន។ ពួកវានឹងចាក់សាំងបន្ថែមនៅកណ្តាលអាកាស៤ដងក្នុងពេលហោះនិងក៏ត្រូវឈប់នៅក្រុង អាល់ ដាហ្វ្រា ក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត កន្លែងដែលបារាំងមានតាំងមូលដ្ឋានទ័ពអាកាសមួយ។ ពួកវានឹងត្រូវអមដំណើរដោយយន្តហោះចាក់សាំងA330 Phenix MRTT ពីរគ្រឿងទៅពីកងទ័ពអាកាសបារាំង ដោយយន្តហោះមួយៗមានដឹកឧបករណ៍ជំនួយដង្ហើម៧០គ្រឿង ឧបករណ៍ធ្វើតេស្តិ៍រកវីរុសចំនួន១សែនសម្រាប់ ព្រមទាំងអ្នកជំនាញការសុខភាព១០ក្រុមដើម្បីគាំទ្រឥណ្ឌានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។ ឥណ្ឌាបានបញ្ជាទិញយន្តហោះប្រភេទនេះចំនួន៣៦គ្រឿងកាលពីឆ្នាំ២០១៦ ហើយការប្រគល់វាឱ្យឥណ្ឌានឹងត្រូវបញ្ចប់នៅឆ្នាំ២០២២។យន្តហោះទំនើបនេះ ត្រូវរដ្ឋាភិបាលក្រុងញូវដេល្លីរង់ចាំទទួលយ៉ាងអន្ទះសារ ដោយសារតែចង់ធ្វើឱ្យប្រសើរកងកម្លាំងយន្តហោះចាស់ៗរបស់ខ្លួន ចំពេលមានភាពតានតឹងព្រំដែនជាមួយចិននិងប៉ាគីស្ថាន៕
ព័ត៌មានអន្តរជាតិ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ទោះកម្ពុជាមានឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN-CHINA Transport Ministers’ meeting on COVID-19)។ កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្ដម Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងឯកឧត្ដម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នក ផ្ទុកមេរោគកូវីដ១៩លើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ជាករណីនាំចូល គិតរហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងមេរោគនេះចំនួន១៦៦ករណី ក្នុងនោះអ្នកជំងឺចំនួន១៣៣នាក់ត្រូវបានជាសះ ស្បើយ៣៣នាក់កំពុងទទួលការព្យាបាល។ ដោយឡែក អ្នកស្លាប់ដោយសារមេរោគនេះមិនទាន់កើតមាន នៅឡើយទេ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីវិធានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនជាបណ្ដោះ […]
អាជ្ញាធររុស្សីចាប់ខ្លួនអភិបាលរដ្ឋម្នាក់ពីបទសម្លាប់ដៃគូអ្នកជំនួញរបស់ខ្លួន
អន្តរជាតិ៖ក្រុមអ្នកស៊ើបអង្កេតរបស់រុស្សីបានចាប់ខ្លួនលោកSergei Furgal អភិបាលរដ្ឋKhabarovsk កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០ដោយជាប់ពាក់ព័ន្ធទៅនឹងការធ្វើឃាតពាណិជ្ជករម្នាក់។ អ្នកស៊ើបអង្កេតម្នាក់បាននិយាយថាលោកអភិបាលរដ្ឋម្នាក់នេះសង្ស័យថាបានប្រព្រឹត្តបទឧក្រឹដ្ឋមួយដែលបានកើតឡើងកាលពីអំឡុងឆ្នាំ២០០៤និង២០០៥។លោកFurgalអាយុ៥០ឆ្នាំត្រូវបានដាក់ការសង្ស័យថា ជាអ្នករៀបចំផែនការនៃការធ្វើឃាត និងការប៉ុនប៉ងធ្វើឃាតទៅលើមនុស្សមួយចំនួន។ សារព័ត៌មានរុស្សីបានរាយការណ៍ថាលោកអភិបាលរដ្ឋជាប់ទាក់ទឹននឹងផែនការធ្វើឃាតទៅលើមនុស្ស២នាក់និងការប៉ុនប៉ងធ្វើឃាតទៅលើមនុស្សម្នាក់ផ្សេងទៀត។ក្នុងចំណោមអ្នកស្លាប់ទាំង២មានម្នាក់ជាពាណិជ្ជករ។មានមនុស្ស៤នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនក្នុងករណីនេះដែរ។ដែលពេលនេះពួកគេកំពុងតែត្រូវបានឃុំខ្លួនរួចហើយ៕
ករណីកូវីដ១៩នៅអាមេរិកកើនឡើងដល់៣លានខណៈត្រាំជំរុញឱ្យបើកសាលាឡើងវិញ
អន្តរជាតិ៖សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី៨ខែកក្កដាឆ្នាំ២០២០បានឈានដល់ព្រឹត្តិការណ៍សំខាន់មួយទៀតគឺករណីកូវីដ១៩កើនដល់៣លានករណី។ខណៈប្រធានាធិបតីដូណាល់ត្រាំបាននិយាយសម្រាលអំពីហានិភ័យដែលបង្កដោយជំងឺរាតត្បាតនិងជំរុញឱ្យសាលារៀន បើកដំណើរការឡើងវិញ។ វីរុសកូរ៉ូណាកំពុងរីករាលដាលនៅចំណុចក្តៅនៅភាគខាងត្បូងជាច្រើន រួមមានរដ្ឋតិចសាស់ រដ្ឋផ្លរីដា រដ្ឋល្វីសៀណានិងរដ្ឋអារីហ្សូណាខណៈមេរោគស្ទើរតែស្រកចុះទាំងស្រុងពីអតីតចំណុចផ្ទុះដំបូងរបស់វានៅរដ្ឋញូវយ៉កនិងតំបន់ភាគឦសានប្រទេស។ សាកលវិទ្យាល័យចនហប់ឃីនបានដាក់ចំនួនឆ្លងកូវីដសរុប៣.០០៩.៦១១នាក់នៅក្នុងការរាប់ជាក់ស្តែងទាន់ហេតុការណ៍របស់ខ្លួន។អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន បានប្រាប់អ្នកសារព័ត៌មានថា “នៅចំណុចនេះយើងបានធ្វើតេស្តជនជាតិអាមេរិកជាង៣៩លាននាក់។ក្នុងចំណោមនោះជនជាតិអាមេរិកជាង៣លាននាក់បានធ្វើតេស្តវិជ្ជមានហើយជនជាតិអាមេរិកជាង១,៣លាននាក់បានជាសះស្បើយ”។ ប៉ុន្តែលោកបានបន្ថែមថាឥឡូវនេះមានការចង្អុលបង្ហាញដំបូងៗថាតំបន់ដែលរងគ្រោះខ្លាំងជាងគេកំពុងឈានដល់ចំណុចរបត់មួយ ដោយភាគរយនៃការធ្វើតេស្តវិជ្ជមានចាប់ផ្តើមថយចុះនិងស្ថិតិ បន្ទប់សង្គ្រោះបន្ទាន់ក៏បានធ្លាក់ចុះដែរ៕
ផ្ទុះឆេះរោងចក្រផលិតគ្រឿងកាំជ្រួចផាវនៅតួកគីបណ្តាលឱ្យស្លាប់៤នាក់និងរងរបួស៩៧នាក់
អន្តរេជាតិ៖ក្រុមមន្ត្រីបាននិយាយថា៖ការផ្ទុះរោងចក្រផលិតកាំជ្រួចផាវមួយនៅប្រទេសតួកគីបានសម្លាប់មនុស្ស៤នាក់និង៩៧នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រទី៣កក្កដាឆ្នាំ២០២០។ក្នុនោះក៏មានមនុស្ស ៣ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកហ្វារេតទីន កូកា បានរាយការណ៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា មានកម្មករ១៨៦នាក់នៅរោងចក្រនោះ នៅកៅទីក្រុងHendek ក្នុងខេត្តសាកាយ៉ា នៅពេលហេតុការណ៍នេះ បានកើតឡើង។លោកបាននិយាយថា ការផ្ទុះនេះបានសម្លាប់កម្មករ៤នាក់ ខណៈដែលមនុស្ស៩៧នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ប៉ុន្តែរហូតមកដល់ពេលនេះមនុស្សជិត៤០នាក់ក្នុងចំណោមអ្នករបួសទាំងនោះ ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ។ឧទ្ធម្ភាគចក្រ២គ្រឿងនិងយន្ដហោះមួយគ្រឿងត្រូវបានបញ្ជូនទៅតំបន់នោះដើម្បីជួយក្រុមអ្នកពន្លត់អគ្គិភ័យ ហើយអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបាន បន្ទាប់ពីចំណាយពេលជាច្រើនម៉ោងដើម្បីពន្លត់វា។មូលហេតុនៃការផ្ទុះនៅរោងចក្រដែលនៅឆ្ងាយពីតំបន់លំនៅស្ថាននោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕
អារ៉ាប៊ីសាអូឌីតរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន៣,០៤៥នាក់ថែមទៀត សរុបកើនដល់១០១,៩១៤ករណី
រីយ៉ាដ ៖ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់១០១,៩១៤ករណីហើយ ក្រោយពីរកឃើញអ្នកឆ្លងជំងឺនេះ ៣,០៤៥នាក់ថ្មីទៀតតែក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ។ បើតាមអាជ្ញាធរសុខាភិបាលប្រទេសមហាសេដ្ឋីប្រេងមួយនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់វិញ ក៏បានកើនឡើងរហូតដល់ ៧១២នាក់ផងដែរ បន្ទាប់ពីករណីស្លាប់ ៣៦នាក់ទៀត ទើបត្រូវបានប្រកាសនៅក្នុងរយៈពេលដូចគ្នា។ បន្ថែមពីនេះ អ្នកជំងឺ ១,០២៦នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ពីជំងឺ COVID-19 នៅអារ៉ាប៊ីសាអូឌីតកើនឡើងរហូតដល់ ៧២,៨១២នាក់។ អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ២៨,៣៨៥នាក់កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្នុងនោះ ១,៥៦៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 នេះ អារ៉ាប៊ីសាអូឌីតក៏បានសម្រេចចិត្តបញ្ចេញនូវទឹកប្រាក់សរុបជាង ២១ពាន់លានដុល្លារផងដែរ៕
លោក ត្រាំ បញ្ជាឲ្យដកកងទ័ពអាមេរិកទ្រង់ទ្រាយធំ ចេញពីប្រទេសអាល្លឺម៉ង់
អឺរ៉ុប ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាដកកងទ័ពចំនួន ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលប្រការដែលទំនងជាបង្កើនក្តីបារម្ភនៅអឺរ៉ុបទាំងមូលអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារទ្វីបនេះ។ បើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣៤,៥០០នាក់ មកនៅត្រឹម ២៥,០០០នាក់ប៉ុណ្ណោះ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧។ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹង រវាងលោកផ្ទាល់ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាំងហ្គែឡា មើគែល (Angela Merkel) ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានមួយរយៈ ហើយស្ត្រីដ៏មានឥទ្ធិពលបំផុតលើពិភពលោករូបនេះ ក៏ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ដូណាល់ ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់លើកទឹកដីអាមេរិកនោះផងផែរ៕
អាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថានមុនពេលកំណត់
អាមេរិក ៖ មន្ត្រីម្នាក់បានប្រាប់ AFP កាលពីថ្ងៃពុធថា អាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានមុនកាលកំណត់ ខណៈដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ម្ដងហើយម្ដងទៀតនូវការអំពាវនាវឲ្យមន្ទីរបញ្ចកោណនាំកងទ័ពត្រឡប់មកផ្ទះវិញ។ ការវិវឌ្ឍន៍នេះបានកើតឡើងនៅពេលដែលមានសំណួរទាក់ទងនឹងដំណាក់កាលបន្ទាប់នៃសង្គ្រាមដ៏យូរអង្វែងរបស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានបទឈប់បាញ់គ្នាជាប្រវត្តិសាស្ត្ររយៈពេល៣ថ្ងៃដែលនាំឲ្យមានការបញ្ចប់ការស្លាប់ និងរងរបួសលើជនស៊ីវិល។ បទឈប់បាញ់គ្នាដែលពួកតាលីបង់បានអំពាវនាវដើម្បីប្រារព្ធពិធីបុណ្យមូស្លីម Eid al-Fitr បានបញ្ចប់នៅយប់ថ្ងៃអង្គារដែលធ្វើឲ្យប្រទេសអាហ្វហ្គានីមានការព្រួយបារម្ភអំពីថាតើវានឹងត្រូវបន្ត ឬពេលណាសង្គ្រាមអាចនឹងផ្ទុះឡើងសាជាថ្មី ។ប៉ូលីសបាននិយាយថា កម្រិតអំពើហឹង្សានៅតែមានកម្រិតទាប បន្ទាប់ពីការបញ្ចប់បទឈប់បាញ់គ្នា ប៉ុន្តែកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារតាមអាកាសនៅភាគខាងត្បូងដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធ១៨នាក់។ ក្រោមកិច្ចព្រមព្រៀងមួយដែលអាមេរិកបានចុះហត្ថលេខាជាមួយតាលីបង់កាលពីខែកុម្ភៈមន្ទីរបញ្ចកោណគឺត្រូវធ្វើឲ្យកម្រិតកងទ័ពថយចុះពីប្រហែល ១២ ពាន់នាក់ទៅ ៨,៦០០ នាក់នៅពាក់កណ្តាលខែកក្កដាមុនពេលដកកងកម្លាំងទាំងអស់នៅត្រឹមខែឧសភា ឆ្នាំ ២០២១។ ប៉ុន្តែមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ចំនួនកងទ័ពមានប្រមាណ ៨,៥០០ នាក់រួចទៅហើយ ខណៈដែលមេបញ្ជាការបានពន្លឿនការដកចេញ បន្ទាប់ពីមានការភ័យខ្លាចដោយសារវីរុសកូរ៉ូណា។ មន្ត្រីរូបនោះបានប្រាប់ AFP ថា “ការដកចេញនេះត្រូវបានពន្លឿនដោយសារតែការប្រុងប្រយ័ត្ននៃជំងឺ COVID-19”។ លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា កម្រិតកងកម្លាំងរបស់សហរដ្ឋអាមេរិកបានថយចុះមកនៅត្រឹម៧ពាន់នាក់។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីរយៈពេល ១៩ ឆ្នាំវាដល់ពេលហើយដែលពួកគេត្រូវប្រើកម្លាំងប៉ូលីសការពារប្រទេសរបស់ខ្លួន” ៕
រុស្ស៊ីឈរលំដាប់ថ្នាក់លេខ៥ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេនៅលើពិភពលោក
រុស្ស៊ី ៖ ក្នុងរយៈពេលជាងមួយសប្តាហ៍ គិតចាប់តាំងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់ លើកំណើននៃការឆ្លងរាលដាលវីរុស Covid-19 ដែលគិតត្រឹមថ្ងៃសុក្រនេះ រុស្ស៊ីជាប់លំដាប់ថ្នាក់លេខ៥ហើយនៅលើពិភពលោក ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេ។ ក្នុងរយៈពេល២៤ម៉ោងក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រនេះ រុស្ស៊ីមានការឆ្លងថ្មីនៃវីរុស Covid-19 រហូតដល់ចំនួន ១១,២៣១ ករណី ដែលនាំឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ១៧៧,១៦០ករណី និងមនុស្សស្លាប់ថ្មី ក្នុងរយៈពេល ២៤ម៉ោងដូចគ្នាមានចំនួន ៨៨នាក់ ដែលនាំអោយអ្នកស្លាប់ សរុបកើនឡើងដល់ ១,៦២៥នាក់។ ចំពោះការឆ្លងសរុបនៃវីរុស Covid-19 នៅជុំវិញពិភពលោកវិញបានកើនឡើងដល់ចំនួន ៣,៩១៣,៥៥៩ នាក់ មនុស្សស្លាប់សរុបមានចំនួន ២៧០,៤២២នាក់ និងអ្នកជំងឺវីរុស Covid-19 ចំនួន ១,៣៤១,០០១នាក់ បានជាសះស្បើយពីវីរុសនេះ៕
ចក្រភពអង់គ្លេស ៖ ក្នុងមួយថ្ងៃមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន៨៤៧នាក់
ឡុងដ៍ ៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងចក្រភពអង់គ្លេសបានកើនដល់១៤,៥៧៦នាក់ហើយ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកជំងឺចំនួន៨៤៧នាក់បន្ថែមទៀតទើបតែបានស្លាប់នៅតាមមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំណែក តួលេខអ្នកឆ្លងវិញបានបន្តកើនដល់១០៨,៦៩២នាក់ ក្រោយមនុស្ស៥,៥៩៩នាក់ថ្មី ត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៃ COVID-19។ គិតមកដល់ពេលនេះ ចក្រភពអង់គ្លេស ស្ថិតនៅក្នុងចំណោម ប្រទេសដែលមានករណីឆ្លងដល់ខ្ទង់សែននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង និងអាល្លឺម៉ង់៕