ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ទោះកម្ពុជាមានឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN-CHINA Transport Ministers’ meeting on COVID-19)។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្ដម Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងឯកឧត្ដម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នក ផ្ទុកមេរោគកូវីដ១៩លើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ជាករណីនាំចូល គិតរហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងមេរោគនេះចំនួន១៦៦ករណី ក្នុងនោះអ្នកជំងឺចំនួន១៣៣នាក់ត្រូវបានជាសះ ស្បើយ៣៣នាក់កំពុងទទួលការព្យាបាល។ ដោយឡែក អ្នកស្លាប់ដោយសារមេរោគនេះមិនទាន់កើតមាន នៅឡើយទេ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីវិធានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនជាបណ្ដោះ អាសន្ន ដោយមានការឯកភាពរវាងប្រទេសជិតខាង ក្នុងនោះមានការអនុវត្តតាមគោលការណ៍ចំនួនបីចំណុច ទីមួយត្រូវផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ប្រទេសនាំចេញទៅកាន់រថយន្តដឹកទំនិញរបស់ប្រទេស នាំចូលនៅត្រង់ទីតាំងកំណត់មួយ ទីពីរត្រូវប្ដូររ៉ឺម៉កសណ្ដោងនៅត្រង់ទីតាំងកំណត់នោះ និងទីបី កំណត់ចំនួនរថយន្តចេញចូលច្បាស់លាស់តាមពេលម៉ោងជាក់លាក់ និងការកំណត់ចំនួនមនុស្សច្រើន បំផុតក្នុងមួយរថយន្តចំនួនពីរនាក់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា មេរោគកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជា ទទួលបានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេប៉ាន់ ប្រមាណថា មានកំណើនអវិជ្ជមាន៥,៥% នៅឆ្នាំនេះធៀបនឹងកំណើនវិជ្ជមានជាមធ្យម៧%ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយវិស័យដែលរងផលប៉ះពាល់ច្រើនជាងគេគឺវិស័យទេសចរណ៍ និងវិស័យកាត់ដេរ។

ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការបង្កើតកម្មវិធីសង្គម ផ្សេងៗជាច្រើនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយរំពឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុបនឹងកើនឡើងដល់ប្រហែល៥% នៅឆ្នាំក្រោយ។

ជាងនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានបន្តសាងសង់ផ្លូវ និងស្ពានជាច្រើនខ្សែ និងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅ កំពង់ផែសមុទ្រក្រុងព្រះសីហនុផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *