ព័ត៌មានអន្តរជាតិ

បារាំង​ប្រគល់​យន្តហោះ​ប្រយុទ្ធ​៥​គ្រឿង​ដំបូង​ឱ្យទៅ​ឥណ្ឌា​

អន្តរជាតិ​៖​យន្តហោះ​ប្រយុទ្ធ​ទំនើប​របស់​បារាំង​ម៉ាក​Rafale​ចំនួន​៥​គ្រឿង​ដំបូង ដែល​ឥណ្ឌា​ទិញ​ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​បារាំង​បញ្ជូនទៅឱ្យ​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា​ឆ្នាំ​២០២០​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​ចំពេល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ចិន​។​

​កិច្ចព្រមព្រៀង​ដែលមាន​តំលៃ​៩,៤​ពាន់​លាន​ដុល្លារ ត្រូវបាន​ញាំញី​ដោយ​ការចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ​។​តែ​នាយករដ្ឋមន្ត្រី ណា​រេ​ន​ដ្រា ម៉ូ​ឌី បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។​
​យន្តហោះ​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Dassault Aviation​ត្រូវ​បើក​ដោយ​អាកាសយានិក​មកពី​កងកម្លាំង​អាកាស​ឥណ្ឌា ។​ពួកវា​បានចេញ​ដំណើរ​ពី​ក្រុង​មេ​រី​ញ៉ាច់​នៅ​បារាំង​ខាងត្បូង​ហើយ​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩​កក្កដា ពួកវា​អាច​នឹង​ទៅដល់​មូលដ្ឋាន​ទ័ពអាកាស Ambala នៅ​ឥណ្ឌា​ខាងជើង ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ចិន​ឬ​ប៉ា​គី​ស្ថាន​។​

​ពួកវា​នឹង​ចាក់​សាំង​បន្ថែម​នៅ​កណ្តាល​អាកាស​៤​ដង​ក្នុងពេល​ហោះ​និង​ក៏ត្រូវ​ឈប់​នៅ​ក្រុង អាល់ ដា​ហ្វ្រា ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត កន្លែង​ដែល​បារាំង​មាន​តាំង​មូលដ្ឋាន​ទ័ពអាកាស​មួយ​។​

ពួកវា​នឹងត្រូវ​អមដំណើរ​ដោយ​យន្តហោះ​ចាក់​សាំង​A330 Phenix MRTT ពីរ​គ្រឿង​ទៅ​ពី​កងទ័ពអាកាស​បារាំង ដោយ​យន្តហោះ​មួយៗ​មាន​ដឹក​ឧបករណ៍​ជំនួយ​ដង្ហើម​៧០​គ្រឿង ឧបករណ៍​ធ្វើ​តេ​ស្តិ៍​រក​វីរុស​ចំនួន​១​សែន​សម្រាប់ ព្រមទាំង​អ្នកជំនាញការ​សុខភាព​១០​ក្រុម​ដើម្បី​គាំទ្រ​ឥណ្ឌា​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

ឥណ្ឌា​បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ​នេះ​ចំនួន​៣៦​គ្រឿង​កាលពី​ឆ្នាំ​២០១៦ ហើយ​ការប្រគល់​វា​ឱ្យ​ឥណ្ឌា​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​។​យន្តហោះ​ទំនើប​នេះ ត្រូវ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេល្លី​រង់ចាំ​ទទួល​យ៉ាង​អន្ទះសារ ដោយសារតែ​ចង់​ធ្វើឱ្យ​ប្រសើរ​កងកម្លាំង​យន្តហោះ​ចាស់ៗ​របស់ខ្លួន ចំពេល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ចិន​និង​ប៉ា​គី​ស្ថាន​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *