ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមបារម្ភការប្រើប្រាស់គ្រឿងញៀនឈានដល់ក្នុងចង្កោមកសិករនៅជនបទ

កំពង់ចាម៖លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានសម្តែងការបារម្ភលើអ្នកប្រើប្រាស់គ្រឿងញៀនបានឈានចូលដល់ក្នុងសហគមន៍គឺការប្រើប្រាស់បានទៅដល់ចង្កោមកសិករកម្មករនៅទីជនបទដាច់ស្រយាល។ផ្ទុយកាលពីអតីតកាលអ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើននៅទីប្រជុំជនឬនៅទីក្រុង។


ពិសេសពួកគាត់ជាអ្នកប្រើប្រាស់ទាំងនោះបានក្លាយខ្លួនជាអ្នកជួញដូរចែកចាយដែលជាចំណុចត្រូវកត់សម្គាល់និងត្រូវមើលបន្ថែមទៀតគឺជំរុញគ្រប់វិធានការនានារបស់អគ្គស្នងការនគរបាលជាតិបានណែនាំកន្លងមក។


លោកអភិបាលខេត្តកំពង់ចាមបានសម្តែងការព្រួយបារម្ភនិងជំរុញឱ្យសមត្ថកិច្ចបង្កើនការចាត់វិធានការបន្តបង្រ្កាបបែបនេះ នៅចំពោះមុខលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ប្រធានសាលាដំបូងខេត្តកំពង់ចាម និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ ។ដើម្បីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំអន្តរាគមន៍តម្រួតបទបញ្ជាចរាចរណ៍ដល់មន្រ្តីនគរបាលចំនួន១១៧នាក់នៅក្នុងស្នងការនគរបាលខេត្តកំពង់ចាមនៅថ្ងៃទី៨ខែមករាឆ្នាំ២០២១។


លោកអ៊ុនចាន់ដាបានថ្លែងថា៖ដោយបន្តអនុវត្តវិធានការបង្រ្កាបគ្រឿងញៀនបើទោះជាការបង្រ្កាបរបស់យើងកន្លងមកបានច្រើនក្តីគឺចាត់វិធានការតាមការរណែនាំរបស់អគ្គស្នងការនគរបាលជាតិកន្លងមក។

ក្នុងនោះមានវិធានការអប់រំ,វិធានការផ្សព្វផ្សាយ,វិធានការរដ្ឋបាល,វិធានការច្បាប់,វិធានការស្តារនីតិសមប្បទា,វិធានការសហប្រតិបត្តិការខេត្តជាប់ព្រំប្រទល់គ្នា,និងវិធានការធ្វើកិច្ចសន្យាជាមួយម្ចាស់សប្បាយដ្ឋាន។

 

លោកបានបន្តថាបញ្ហាធ្វើកិច្ចសន្យាជាមួយម្ចាស់សប្បាយដ្ឋានមានផ្ទះសំណាក់សណ្ឋាគារជាដើមនេះ យើងបានអនុវត្តរួចហើយកន្លងមក។ប៉ុន្តែត្រូវខិតខំបន្តទៀតគឺពង្រឹងការអនុវត្តឱ្យបានម៉ត់ចត់។ដោយធានាថា៖ម្ចាស់សប្បាយដ្ឋានពិតជាបានគោរពតាមកិច្ចសន្យាពិតប្រាកដ។ករណីម្ចាស់សប្បាយដ្ឋានល្មើសនឹងកិច្ចសន្យា គឺសមត្ថកិច្ចនឹងបិទទីតាំងអាជីកម្មនោះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២០ កន្លងទៅខេត្តកំពង់ចាមកើតមានបទល្មើសគ្រឿងញៀនចំនួន ២៥៤ លើក កើនឡើងលើសឆ្នាំ២០១៩ចំនួន ៦៩ លើកស្មើនឹង ៤៦ ភាគរយ។ ក្នុងនោះករណីជួញដូរចំនួន ២៣៣ លើក និងករណីប្រើប្រាស់ចំនួន ២១លើក។ ដោយឃាត់ខ្លួនមនុស្សចំនួន ៩៨២ នាក់ ខណ:ឆ្នាំ២០១៩ឃាត់ខ្លួនមនុស្សចំនួន ៥១២នាក់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *