ព័ត៌មានជាតិ

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។

គួបញ្ជាក់ថាថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ.១៩។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មី ២០២០-២០២១ ។

ក្នុងសារបើកបវេសនកាលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ចំពោះការសិក្សានៅកម្ពុជាក្នុងយុគសម័យកូវីដ១៩ ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជារយៈពេលមួយឆ្នាំកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អាណាព្យាបាលសិស្ស សប្បុរសជន គណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធានាដល់ដំណើរការ នៃការអប់រំក្នុងបរិបទកូវីដ.១៩។

ឯកឧត្តមបានថ្លែងថា ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលា​រៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មី របស់ក្មួយៗ ជាសិស្សានុសិស្ស និស្សិត និងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០កន្លងមកនេះ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏ណែនាំឲ្យក្មួយៗបន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាក្នុងការអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” និងការណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាលក្នុងការបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ជាពិសេសការអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ក្នុងគ្រឹះស្ថានសិក្សារបស់យើង និងការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *