ភ្នំពេញ ៖ លិខិតឆ្លើយបំភ្លឺរបស់លោក ឌួង ចំរើន ជម្រាបជូនមេធាវី ស៊ា វណ្ណរ៉េត មេធាវី ឆាន់ យូសែ និងមេធាវី ឈុន ច័ន្ទតារា ដែលជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ ទីលីន ចំពោះករណី ការបកស្រាយបំភ្លឺពាក់ព័ន្ធទៅនឹងបណ្តឹងបុគ្គលិកដែលបានចុះផ្សាយក្នុងគេហទំព័រសារព័ត៌មានមួយចំនួន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានចំណងជើងថា ” ប្តឹងអគារធិការរងក្រសួងមហាផ្ទៃទៅ ACU ចោទថា នៅពីក្រោយ និងបានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក”។


អង្គភាពសារព័ត៌មានក្តាមក្រហម សូមដកស្រង់ទាំងស្រុងនូវចំណុចនៃលិខិតឆ្លើយបំភ្លឺដូចខាងក្រោម៖
“ពាក់ព័ន្ធនឹងសំណួររបស់លោកមេធាវី យើងខ្ញុំសូមឆ្លើយតបក៏ដូចជាស្រាយបំភ្លឺដោយសង្ខេបថា ក្រុមហ៊ុនរបស់យើងខ្ញុំ ពុំដែលមានបុគ្គលិករហូតទៅដល់ចំនួន ០៦នាក់ឡើយ ហើយក្រុមហ៊ុនរបស់យើងខ្ញុំ ក៏ពុំធ្លាប់ស្គាល់ពលរដ្ឋទាំង ០៦រូប ដូចការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រមួយចំនួនផ្សេងទៀតដែរ។ ជាក់ស្តែងក្រុមហ៊ុនរបស់យើងខ្ញុំ មានបុគ្គលិកចំនួនតែ ០២រូប តែប៉ុណ្ណោះ ដែលមានឈ្មោះ ឌឹម រស្មី ជាបុគ្គលិកពេញសិទ្ធិ និងឈ្មោះ ណែម លីនដា ដែលជាបុគ្គលិកហាត់ការ និងជាកូនក្មួយ មកសិក្សា និងរស់នៅជាមួយគ្នា។ ហើយសម្រាប់ការលើឡើងថាកូនក្ដីរបស់លោកមេធាវីមានភាគហ៊ុនចំនួន ១០ភាគរយ ក៏ដូចជាបានទទួលប្រាក់ពីក្រុមហ៊ុនយើងខ្ញុំចំនួន ៥០០ដុល្លារក្នុងមួយខែ គឺសុទ្ធសឹងជាព័ត៌មានមិនពិតដែលជនអនាមិកទាំងនោះមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់កូនក្ដីរបស់លោកមេធាវី និងក្រុមហ៊ុនយើងខ្ញុំ។ ចំពោះការលើកឡើងថាក្រុមហ៊ុនយើងខ្ញុំថា ធ្លាប់ប្រើប្រាស់តួនាទី និងភារកិច្ចរបស់កូនក្ដីបស់លោកមេធាវី ដើម្បីធ្វើការសម្លុតគម្រាមកំហែងបុគ្គលិក ក៏ដូចជាប្រាប់បុគ្គលិកថាលោកជាញាតិលោហិត ឬជាសាច់ថ្លៃរបស់កូនក្ដី លោកមេធាវី គឺមិនមែនជាការពិតនោះឡើយ ព្រោះយើងខ្ញុំ ពុំធ្លាប់ស្គាល់ជនអនាមិក ទាំង០៦រូបនោះ ហើយយើងខ្ញុំក៏ពុំមានសម្ព័ន្ធភាពស្និទ្ធស្នាលអ្វីជាមួយកូនក្ដីរបស់លោកមេធាវីនោះដែរ គឺគ្រាន់ជាអ្នកស្គាល់តៗ គ្នាតាមរយៈមិត្តភក្កិ ហើយធ្លាប់ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាតែប៉ុណ្ណោះ។


អង្គភាពសារព័ត៌មានយើងខ្ញុំ សូមជូននូវខ្លឹមសារនៃលិខិតស្នើសុំបកស្រាយបំភ្លឺរបស់មេធាវី ស៊ា វណ្ណរ៉េត មេធាវី ឆាន់ យូសែ និងមេធាវី ឈុន ច័ន្ទតារា ដែលជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ ទីលីន ចុះថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២២ និងលិខិតឆ្លើយបំភ្លឺរបស់ឈ្មោះ ឌួង ចំរើន ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះទាំងស្រុង។