អាមេរិក ៖ មន្ត្រីម្នាក់បានប្រាប់ AFP កាលពីថ្ងៃពុធថា អាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានមុនកាលកំណត់ ខណៈដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ម្ដងហើយម្ដងទៀតនូវការអំពាវនាវឲ្យមន្ទីរបញ្ចកោណនាំកងទ័ពត្រឡប់មកផ្ទះវិញ។
ការវិវឌ្ឍន៍នេះបានកើតឡើងនៅពេលដែលមានសំណួរទាក់ទងនឹងដំណាក់កាលបន្ទាប់នៃសង្គ្រាមដ៏យូរអង្វែងរបស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានបទឈប់បាញ់គ្នាជាប្រវត្តិសាស្ត្ររយៈពេល៣ថ្ងៃដែលនាំឲ្យមានការបញ្ចប់ការស្លាប់ និងរងរបួសលើជនស៊ីវិល។
បទឈប់បាញ់គ្នាដែលពួកតាលីបង់បានអំពាវនាវដើម្បីប្រារព្ធពិធីបុណ្យមូស្លីម Eid al-Fitr បានបញ្ចប់នៅយប់ថ្ងៃអង្គារដែលធ្វើឲ្យប្រទេសអាហ្វហ្គានីមានការព្រួយបារម្ភអំពីថាតើវានឹងត្រូវបន្ត ឬពេលណាសង្គ្រាមអាចនឹងផ្ទុះឡើងសាជាថ្មី ។ប៉ូលីសបាននិយាយថា កម្រិតអំពើហឹង្សានៅតែមានកម្រិតទាប បន្ទាប់ពីការបញ្ចប់បទឈប់បាញ់គ្នា ប៉ុន្តែកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារតាមអាកាសនៅភាគខាងត្បូងដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធ១៨នាក់។
ក្រោមកិច្ចព្រមព្រៀងមួយដែលអាមេរិកបានចុះហត្ថលេខាជាមួយតាលីបង់កាលពីខែកុម្ភៈមន្ទីរបញ្ចកោណគឺត្រូវធ្វើឲ្យកម្រិតកងទ័ពថយចុះពីប្រហែល ១២ ពាន់នាក់ទៅ ៨,៦០០ នាក់នៅពាក់កណ្តាលខែកក្កដាមុនពេលដកកងកម្លាំងទាំងអស់នៅត្រឹមខែឧសភា ឆ្នាំ ២០២១។ ប៉ុន្តែមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ចំនួនកងទ័ពមានប្រមាណ ៨,៥០០ នាក់រួចទៅហើយ ខណៈដែលមេបញ្ជាការបានពន្លឿនការដកចេញ បន្ទាប់ពីមានការភ័យខ្លាចដោយសារវីរុសកូរ៉ូណា។ មន្ត្រីរូបនោះបានប្រាប់ AFP ថា “ការដកចេញនេះត្រូវបានពន្លឿនដោយសារតែការប្រុងប្រយ័ត្ននៃជំងឺ COVID-19”។
លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា កម្រិតកងកម្លាំងរបស់សហរដ្ឋអាមេរិកបានថយចុះមកនៅត្រឹម៧ពាន់នាក់។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីរយៈពេល ១៩ ឆ្នាំវាដល់ពេលហើយដែលពួកគេត្រូវប្រើកម្លាំងប៉ូលីសការពារប្រទេសរបស់ខ្លួន” ៕