ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីតរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន៣,០៤៥នាក់ថែមទៀត សរុបកើនដល់១០១,៩១៤ករណី

រីយ៉ាដ ៖ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់១០១,៩១៤ករណីហើយ ក្រោយពីរកឃើញអ្នកឆ្លងជំងឺនេះ ៣,០៤៥នាក់ថ្មីទៀតតែក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរសុខាភិបាលប្រទេសមហាសេដ្ឋីប្រេងមួយនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់វិញ ក៏បានកើនឡើងរហូតដល់ ៧១២នាក់ផងដែរ បន្ទាប់ពីករណីស្លាប់ ៣៦នាក់ទៀត ទើបត្រូវបានប្រកាសនៅក្នុងរយៈពេលដូចគ្នា។ បន្ថែមពីនេះ អ្នកជំងឺ ១,០២៦នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ពីជំងឺ COVID-19 នៅអារ៉ាប៊ីសាអូឌីតកើនឡើងរហូតដល់ ៧២,៨១២នាក់។

អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ២៨,៣៨៥នាក់កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្នុងនោះ ១,៥៦៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 នេះ អារ៉ាប៊ីសាអូឌីតក៏បានសម្រេចចិត្តបញ្ចេញនូវទឹកប្រាក់សរុបជាង ២១ពាន់លានដុល្លារផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *