ព័ត៌មានអន្តរជាតិ

អាជ្ញាធរ​រុស្សី​ចាប់ខ្លួន​អភិបាលរដ្ឋ​ម្នាក់​ពីបទ​សម្លាប់​ដៃគូ​អ្នកជំនួញ​របស់ខ្លួន​

អន្តរជាតិ​៖​ក្រុម​អ្នកស៊ើប​អង្កេត​របស់​រុស្សី​បាន​ចាប់ខ្លួន​លោក​Sergei Furgal អភិបាលរដ្ឋ​Khabarovsk កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើឃាត​ពាណិជ្ជករ​ម្នាក់​។​ ​អ្នកស៊ើប​អង្កេត​ម្នាក់​បាន​និយាយថា​លោក​អភិបាលរដ្ឋ​ម្នាក់នេះ​សង្ស័យថា​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​មួយ​ដែល​បាន​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៤​និង​២០០៥​។​លោក​Furgal​អាយុ​៥០​ឆ្នាំ​ត្រូវ​បានដាក់​ការសង្ស័យថា ជា​អ្នករៀបចំ​ផែនការ​នៃ​ការធ្វើឃាត និង​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​មនុស្ស​មួយចំនួន​។​ ​សារព័ត៌មាន​រុស្សី​បាន​រាយការណ៍​ថា​លោក​អភិបាលរដ្ឋ​ជាប់​ទាក់​ទឹ​ន​នឹង​ផែនការ​ធ្វើឃាត​ទៅលើ​មនុស្ស​២​នាក់​និង​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​មនុស្ស​ម្នាក់​ផ្សេងទៀត​។​ក្នុងចំណោម​អ្នកស្លាប់​ទាំង​២​មាន​ម្នាក់​ជា​ពាណិជ្ជករ​។​មាន​មនុស្ស​៤​នាក់​ផ្សេងទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​នេះដែរ​។​ដែល​ពេលនេះ​ពួកគេ​កំពុងតែ​ត្រូវបាន​ឃុំខ្លួន​រួចហើយ​៕​   

ព័ត៌មានជាតិ

ខេត្តសៀមរាប​ពេលខាងមុខនឹងមាន​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩

សៀមរាប​៖លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលកាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​បាន​បញ្ជាក់ថា​ខេត្តសៀមរាបនឹងមាន​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​នាពេល​ខាងមុខនេះ​។​ ​ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេងបានបន្តថា​៖យ៉ាងយូរ​៣​សប្ដាហ៍​ទៀត ខេត្តសៀមរាប​នឹងមាន​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​។​លោក​បាន​បន្តថា​ខណ​:​ពេល​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ដាក់ឱ្យ​ដំណើរការ​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​.១៩​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​ ដើម្បី​ព​ន្លឿ​ន​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​.១៩​ឱ្យបាន​កាន់តែ​ឆាប់រហ័ស​និង​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​។​ដែល​អញ្ជើញ​មក​ទស្សនា​ទឹកដី​នៃ​ខេត្តសៀមរាប ។​ ​ មន្ទីរពិសោធន៍​នេះ​បាន​នឹង​កំពុង​រៀបចំ​ប្រើ​ម៉ាស៊ីន​(GeneXpert)​សម្រាប់​ការធ្វើ​តេស្តរ​ហ័សរ​កមេ​រោគ​កូ​វីដ​.១៩ ដែល​វិធីសាស្ត្រ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ (FDA) របស់​សហរដ្ឋអាមេរិក ហើយ​មន្ទីរពិសោធន៍​នេះ អាច​ចាប់ផ្តើម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ក្នុង​រយៈពេល​ពី​២​ទៅ​៣​សប្តាហ៍​ខាងមុខនេះ ។​ ​លោក​បាន​បន្តទៀតថា​ក្រោយពី​កា​រៀបចំ​ដំណើរការ​ធ្វើតេស្តរ​កមេ​រោគ​កូ​វីដ​.១៩​នៅ​មន្ទីរពិសោធន៍​ដោយ​ជោគជ័យ​ហើយ​នោះ​ក្រសួងសុខាភិបាល​នឹង​បន្ត​ពង្រីក​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​ដូច្នេះ​សូមឱ្យ​មន្ត្រី​សុខាភិបាល​និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំងអស់​មេត្តា​បន្ត​សហការគ្នា​ល្អ​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ក្នុងការ​បង្ការ​ការចម្លង​មេរោគ​កូ​វីដ​.១៩ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច តេ​ជោ ហ៊ុន សែន​៕   

សន្តិសុខសង្គម

ទុកលទ្ធភាព​៦០​ថ្ងៃ​ឱ្យម្ចាស់​រថយន្ត​និង​ទំនិញ​​ចូលបង់ពន្ធនៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ​៖​​​លោក​ទុំ​ណូ​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​និង​លោក​កែវ អង្កាម ប្រធាន​គយ​ចល័ត​តំបន់​៣​កាលពីរសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០បានឱ្យ​ដឹងថា៖នៅ​ខេត្ត​ព្រះសីហនុ​មាន​រថយន្ត​ទំនើប​ជិត​៣០០​គ្រឿង​និង​ទំនិញ​ផ្សេងៗ​មួយចំនួនទៀត​។​ដូចជា​ម៉ាស៊ីនភ្លើង​ជាដើមគ្មាន​ពន្ធ​ត្រូវ​សមត្ថកិច្ច​គយ​សហការ​ជាមួយ​នគរបាល​និង​កងរាជអាវុធហត្ថ​ឃាត់​យកទៅ​រក្សាទុក​។ ​ ករណីនេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជូនដំណឹង​ថា​ម្ចាស់​រថយន្ត​ឬ​ទំនិញគេចពន្ធ​ដែល​គយ​ចាប់បាន​មាន​ពេល​៦០​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​សម្រាប់​ចូលទៅ​បំពេញ​នីតិ​វិធី​បង់ប្រាក់​ពន្ធ​និង​ប្រាក់​ពិន័យ​ដើម្បី​ទទួលយក​រថយន្ត​ឬ​ទំនិញ​មកវិញ​។ ​ក្នុងករណី​ម្ចាស់​មិន​ចូលទៅ​បំពេញ​នីតិវិធី​ដោះស្រាយ​តាម​ពេល​កំណត់​ចុង​ក្រោយនេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នឹង​ចាត់​នីតិវិធី​លក់​រថយន្ត​និង​ទំនិញ​ទាំងនោះ​តាម​នីតិវិធី​ដេញថ្លៃ​តាមច្បាប់​៕     

ព័ត៌មានជាតិ

កិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG)

ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្តាល ជំរុញអោយ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ត្រូវបំផុសគំនិតប្រជាពលរដ្ឋ អោយផ្លាស់ប្ដូរឥរិយាបថ ដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ។ នេះជាការជំរុញរបស់ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសឯកឧត្ដមអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG) ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ឯកឧត្ដម នុត ពុធដារ៉ា បន្តថា ការផ្លាស់ប្ដូរដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ពិតជាបានរួមចំណែកក្នុងការលើកកម្ពស់អនាម័យនៅក្នុងសហគមន៍ ព្រមទាំងជៀសបាននូវការឆ្លងរីករាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើតសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្ដមអភិបាលរងខេត្ត បន្ថែមទៀតថា ដើម្បីអោយការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០១៩-២០២៣ អោយទទួលបានជោគជ័យតាមផែនការដែលបានកំណត់ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ដែលជាសមាជិកក្រុមការងារបច្ចេកទេស ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវសហការរួបរួមគ្នា ជួយផ្សព្វផ្សាយ ដើម្បីធ្វើអោយក្រុមការងារនេះ […]

ព័ត៌មានអន្តរជាតិ

ករណី​កូ​វីដ​១៩​នៅ​អាមេរិក​កើនឡើង​ដល់​៣​លាន​ខណៈ​ត្រាំ​ជំរុញ​ឱ្យ​បើក​សាលា​ឡើងវិញ​

អន្តរជាតិ​៖​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ទី​៨​ខែកក្កដា​ឆ្នាំ​២០២០​បាន​ឈានដល់​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​គឺ​ករណី​កូ​វីដ​១៩​កើន​ដល់​៣​លាន​ករណី​។​ខណៈ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​និយាយ​សម្រាល​អំពី​ហានិភ័យ​ដែល​បង្កដោយ​ជំងឺ​រាតត្បាត​និង​ជំ​រុញឱ្យ​សាលារៀន បើក​ដំណើរការ​ឡើងវិញ​។​ ​វីរុស​កូ​រ៉ូ​ណា​កំពុង​រីក​រាលដាល​នៅ​ចំណុចក្តៅ​នៅ​ភាគខាងត្បូង​ជាច្រើន រួមមាន​រដ្ឋ​តិច​សាស់ រដ្ឋ​ផ្លរីដា រដ្ឋ​ល្វី​សៀ​ណា​និង​រដ្ឋ​អា​រី​ហ្សូ​ណា​ខណៈ​មេរោគ​ស្ទើរតែ​ស្រក​ចុះ​ទាំងស្រុង​ពី​អតីត​ចំណុច​ផ្ទុះ​ដំបូង​របស់​វា​នៅ​រដ្ឋ​ញូវយ៉ក​និង​តំបន់​ភាគ​ឦសាន​ប្រទេស​។​ ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​បានដាក់​ចំនួន​ឆ្លង​កូ​វីដ​សរុប​៣.០០៩.៦១១​នាក់​នៅក្នុង​ការរាប់​ជាក់ស្តែង​ទាន់​ហេតុការណ៍​របស់ខ្លួន​។​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​នៅ​ចំណុច​នេះ​យើង​បានធ្វើ​តេស្ត​ជនជាតិ​អាមេរិក​ជាង​៣៩​លាន​នាក់​។​ក្នុងចំណោម​នោះ​ជនជាតិ​អាមេរិក​ជាង​៣​លាន​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​ហើយ​ជនជាតិ​អាមេរិក​ជាង​១,៣​លាន​នាក់​បានជា​សះស្បើយ​”​។​ ​ប៉ុន្តែ​លោក​បាន​បន្ថែមថា​ឥឡូវនេះ​មានការ​ចង្អុលបង្ហាញ​ដំបូងៗ​ថា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​កំពុង​ឈានដល់​ចំណុច​របត់​មួយ ដោយ​ភាគរយ​នៃ​ការធ្វើ​តេស្ត​វិជ្ជមាន​ចាប់ផ្តើម​ថយចុះ​និង​ស្ថិតិ​ ​បន្ទប់សង្គ្រោះបន្ទាន់​ក៏បាន​ធ្លាក់ចុះ​ដែរ​៕

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​អបអ​រ​ខួប​៣​ឆ្នាំ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​ប្រមុខ​រាជរដ្ឋាភិបាល​សម្តរ​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​នេះ​បញ្ជាក់​តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​ថា​៖”​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​ ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ខួប​៣​ឆ្នាំ​(៨​កក្កដា​២០១៧,៨​កក្កដា​២០២០)​នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​Krakow ប្រទេស​ប៉ូឡូញ​”​។ ​សម្តេច​បាន​បន្តថា​”​ក្រោយ ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​ប្រាសាទសំបូរព្រៃគុក ដែល ស្ថិតនៅ ភូមិ សំបូរ ឃុំ​សំបូរ​ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​បាន ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ ។​ ប្រាសាទសំបូរព្រៃគុក​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​ដែលមាន​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ធំ​តាមផ្លូវ​ជាតិ​លេខ​៦៤​បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។​ ​ប្រាសាទ​នេះ​ជា​រាជធានី​ចាស់​បុរាណ​ឈ្មោះថា​ឥសាន​បុ​រៈ​ដែល​កាលពី​សម័យ​នោះ​ជា​មជ្ឈមណ្ឌល​នៃ​សាសនា​ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​។​ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់​ថ្មបាយក្រៀម​និង​ថ្មភក់​ជាដើម​”៕​           

ព័ត៌មានជាតិ

ឆ្នាំ​ខាងមុខ​ខេត្តពោធិសាត់​មាន​អាងស្តុក​ទឹក​ដល់​រាប់ពាន់​លាន​ម៉ែត្រគូប

បន្ទាប់ពី​ប្រព័ន្ធ​ដំណាក់​ឈើ​ក្រម​ដែល​កំពុង​សាងសង់​នឹង​រួចរាល់​នៅក្នុង​ឆ្នាំ​២០២១​ខាងមុខ​បន្ថែម​ពីលើ​អាងទឹក​លេខ​៣​និង​លេខ​៥​ដែល​កំពុង​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធិភាព​សព្វថ្ងៃ នេះ​។​ ​លោក​កែវ​វ័យ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិសាត់​បាន​​ឱ្យ​​ដឹង​កាលពីថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​ថា​អាងទឹក​លេខ​៥​មានទឹក​ពេញ​មួយរយ​ភាគរយ​វិញ​ហើយ​ឯ​អាង​លេខ​៣​មានទឹក​កើនឡើង​ដល់​៤០​ភាគរយ​។​បន្ទាប់ពី​បញ្ចេញ​ប្រើ​អស់​កាលពី​ក្នុង​រដូវប្រាំង​ដោយ​អាង​ទាំងពីរ​នេះ​ស្តុក​ទឹកបាន​៥០​លាន​ម៉ែត្រគូប​អាងទឹក​ទាំងពីរ​មានទឹក​ច្រើន​ឡើងវិញ​ឆាប់រហ័ស​នេះ​។​ ​លោក​កែវ​វ័យ​បាន​បញ្ជាក់ថា​នៅ​ដើមរដូវ​វស្សា​នេះ​ក្នុង​ខេត្តពោធិសាត់​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អជា​ពិសេស​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង​ទាំងពីរ​។​ទ្វារ​ទឹក​របស់​អាង​ទាំងពីរ​បាន​បិទ​ដើម្បី​តមកល់​ទឹក​ទុក​ទឹក​លើសពី​តម្រូវការ​ស្តុក​នៅ​អាង​លេខ​៥​បាន​ហូរហៀរ​លើ​ទំនប់​បង្ហៀរ​ធ្លាក់ចូល​ស្ទឹង​ពោធិសាត់​នឹង​បង្វែរ​ចូលទៅ​ប្រព័ន្ធ​ក​ង្ហ​ត​និង​ដំណាក់​អំពិល​ដើម្បី​បែងចែក​ទៅតាម​ប្រព័ន្ធ​នានា​មាននៅ​ក្នុង​ខេត្ត​នេះ​។​ ​លោក​កែវ​វ័យ​និយាយ​ឱ្យដឹងទៀតថា​នៅ​ទូទាំង​ខេត្តពោធិសាត់​ពេលនេះ​មិនមាន​បញ្ហា​ចោទ​រឿង​ខ្វះ​ទឹក​បង្កបង្កើនផល​ទេ​គ្រាន់តែ​នៅ​កន្លែង​ខ្លះ​មិនទាន់​មានទឹក​ហៀរហូរ​តែ​សម្រាប់​ដំណាំ​ស្រូវ​នៅតាម​តំបន់​មាន​ប្រព័ន្ធ​ស្រោចស្រព ដុះ​លូតលាស់​ល្អ​ណាស់​ដោយ​គិត​មកដល់ពេលនេះ​(៧​កក្កដា​)​ការងារ​ដាំ​ដុះ ស្រូវ វស្សា​អនុវត្ត បាន​៨៨​ភាគរយ​នៃ​ផ្ទៃដី​ផែនការ​១១៥.០០០​ហិកតា​ហើយ​។​ ​ប្រធាន​មន្ទីរ​រូបនេះ​បាន​ប្រាប់ឱ្យដឹង​ទៀតថា​ពេលនេះ​នៅ​ខេត្តពោធិសាត់​មាន​អាងទឹក​ប្រើ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ចំនួន​ពីរ​ដែល​អាច​ស្រុក​ទឹកបាន​៥០​លាន​ម៉ែត្រគូប​តែ​នៅពេល​ខាងមុខ​អាចមាន​ដល់​រាប់ពាន់​លាន​ម៉ែត្រគូប​។បន្ទាប់ពី​អាងទឹក​លេខ​១​អាងទឹក​លេខ​២​និង​ប្រព័ន្ធ​ដំណាក់​ឈើ​ក្រម​សាងសង់​រួច​នៅក្នុង​ឆ្នាំ​២០២១​។​អាងទឹក​លេខ​១​គ្រោង​សាងសង់​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល​សម្រាប់​វា​រី​អគ្គិសនី​ដែលមាន​សមត្ថភាព​ស្តុក​ទឹក​ពី​៦០០​ទៅ​១.០០០​លាន​ម៉ែត្រគូប​។​ ​អាងទឹក​លេខ​២​អាច​ស្តុក​ទឹកបាន​៦០០​លាន​ម៉ែត្រគូប​ដែល​គ្រោង​សាងសង់​ដោយ​ក្រសួង​ធនធានទឹក​។​នៅក្រោយពេល​អាងទឹក​ទាំ​ង​ពីរ​នេះ​សាងសង់​រួច​បញ្ហា​ទឹក​សម្រាប់​ស្រោចស្រព​នៅក្នុង​ខេត្តពោធិសាត់​លែង​ខ្វះ​និង​អាច​បញ្ជូនទៅ​ស្រោចស្រព​ដល់​ដីស្រែ​មួយផ្នែក​ក្នុង​ខេត្ត​ដំបង​ទៀតផង​តាម​ប្រព័ន្ធ​ដំណាក់ ឈើ​ក្រម​។​ ​ លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​ថា​អាងទឹក​លេខ​១​តាម​ដឹងបាន​សិក្សា​រួច​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល​សម្រាប់​សាងសង់​វា​រី​អគ្គិសនី​ឯ​អាងទឹក​លេខ​២​បាន​នឹង​កំពុង​សិក្សា​ដោយ​ក្រសួង​ធនធានទឹក​និង​ដៃគូ​អភិវឌ្ឍន៍ ដោយមាន​សមត្ថភាព​អាច​ស្តុក ទឹកបាន​ពី​២០០​ទៅ​៦០០​លាន​ម៉ែត្រគូប​។ ​ទឹក​នៅក្នុង​អាង​លេខ​១​និង​លេខ​២​មិន​ត្រឹមតែ​សម្រាប់​បម្រើ​ការដាំដុះ​នៅក្នុង​ខេត្តពោធិសាត់​ទេ​គឺ​មួយផ្នែក​នៅក្នុង​ខេត្តបាត់ដំបង​ទៀតផង​ដោយ​បញ្ជូន​តាម​ប្រព័ន្ធ​ដំណាក់​ឈើ​ក្រម​ចូលទៅ​ស្ទឹង​មោង​ឬ​ស្សី​៕​ ​   

ព័ត៌មានជាតិ

១៤វត្តដែលស្ថិតក្នុងក្រុងតាខ្មៅបានទទួលទៀនព្រះវស្សា បច្ច័យ និងទេយ្យ ទាន ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល

ក្រុងតាខ្មៅ៖ រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលនិមន្តមកពីវត្តចំនួន១៤វត្ត ទូទាំងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលប្រារព្វធ្វើនៅវត្តវេឡុការាម (ហៅវត្តព្រែកឬស្សី) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទេយ្យទានដែលបានប្រគេនដល់ព្រះ សង្ឃ ដែលនិមន្តមកពីវត្តទាំង ១៤ ក្នុងក្រុងតាខ្មៅ ទទួលបានបច្ច័យចំនួន ៥០ ម៉ឺនរៀល ទៀនព្រះវស្សា ១គូ អង្ករ ៥០ គីឡូក្រាម ទឹកក្រូច ១កេស ទឹកបរិ សុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីុវ ១យួរ និងស្លាដក់មួយ ។ នាឱកាសនេះដែរ […]

ព័ត៌មានជាតិ

មន្ត្រី​សុខាភិបាល ៖ ស្ថានភាព COVID-19 កាន់តែ​ធ្ងន់ធ្ងរ​នៅ​អាមេរិក ត្រូវដោះស្រាយ​ជាបន្ទាន់​

អាមេរិក ៖ មន្ត្រី​សុខាភិបាល​អាមេរិក​លោក Anthony Fauci បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​៦​ខែកក្កដា​ថា ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក គឺ​ពិតជា​មិនល្អ​ទេ ហើយ​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​យើង​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​ ​សហរដ្ឋអាមេរិក​នៅតែ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​ដដែល ដោយ​មិនទាន់​អាចធ្វើឱ្យ​ករណី​ឆ្លង​ធ្លាក់ចុះ តាម​ការរំពឹងទុក​នោះទេ​… វា​គឺជា​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត ដែល​យើង​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​។ ​នេះ​បើ​យោងតាម​លើកឡើង​របស់លោក Anthony Fauci ជា​នាយក​វិទ្យាស្ថាន​អាលែកហ្ស៊ី និង​ជំងឺឆ្លង​អាមេរិក នៅក្នុង​បទសម្ភាសន៍ តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​។​ លោក Anthony Fauci និយាយថា ស្ថានភាពនេះវា​ផ្ទុយ​ទាំងស្រុង​ទៅនឹង​ការលើកឡើង របស់​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ដែលថា ករណី​ឆ្លង COVID-19 ប្រមាណ ៩៩​ភាគរយ លែងមាន​ការគំរាមកំហែង​។​ ​គួរ​ជម្រាប​ថា បើតាម​គេហទំព័រ worldometers គិត​ត្រឹម​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ សហរដ្ឋអាមេរិក​មាន​ករណី​អ្នក​ឆ្លង COVID-19 សរុប ៣.០៤​លាន​នាក់ ក្នុងនោះ​ស្លាប់ ១៣២,៩៧៩​នាក់ និង​ជាសះស្បើយ ១.៣​លាន​នាក់​៕

សុខភាព និងសម្រស់

ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា គិតត្រឹម​ព្រឹក​ថ្ងៃទី​០៧​ ខែកក្កដានេះ

ភ្នំពេញ ៖ គិតត្រឹមម៉ោង​៩ និង០០ព្រឹក​ ថ្ងៃទី​០៧​ ខែកក្កដា​ ឆ្នាំ២០២០​នេះ ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដែលសរុបកូវីដ-១៩​ ចំនួន១៤១នាក់ដដែល​ ជាសះស្បើយគ្មាន​ ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣១នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។ ទោះបីបែបនេះក្តី CDC បានបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ ទន្ទឹមនោះ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។ សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។ ទន្ទឹមនោះ យើងបានធ្វើតេស្តចំនួន៤១០៨០ ស្មើនឹង​ ២៤៧៤ ក្នុង១លាននាក់៕