ថៃ៖ មានប៉ូលីសថៃប្រមាណ ៦នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់បេសកកម្មហោះហើរ លោតឆ័ត្រយោងនៅតំបន់សមុទ្រ ស្រុក Hua Hin ខេត្ត Prachuap Khiri Khan ។ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល៨ព្រឹក ថ្ងៃទី ២៥ ខែមេសានេះ។
យោងតាមវីដេអូដែលថតបានដោយពលរដ្ឋថៃ គេឃើញយន្តហោះដាំក្បាលចុះមកក្រោមហើយធ្លាក់ចូលសមុទ្រ ភ្លាមៗបណ្តាលឲ្យប៉ូលីសនៅក្នុងយន្តហោះស្លាប់បាត់បង់ជីវិត ក្នុងកន្លែងកើតហេតុការណ៍នោះ។
បណ្តាញសារព័ត៌មានថៃ បានស្រង់ប្រភពពីមន្ត្រីអ្នកនាំពាក្យនៃប៉ូលីសថៃថា យន្តហោះរបស់ Royal Thai Police បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មសាកល្បងហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោងនៅតំបន់ Hua Hin នៃខេត្ត Prachuap Khiri Khan ដោយក្នុងនោះមានប៉ូលីសចំនួន ៦ នាក់នៅលើយន្តហោះ។
ប្រភពបន្តរាយការណ៍ថា បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមមន្រ្តីជំនាញកំពុងតែប្រមូលទិន្នន័យពីបំណែកយន្តហោះ ឧបករណ៍កត់ត្រាការហោះហើរ (ប្រអប់ខ្មៅ) និង ភស្តុតាងបច្ចេកទេស ហើយនឹងសម្របសម្រួលជាមួយភ្នាក់ងារយន្តហោះដែលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលម្អិត៕